វិវរណៈ 11:11-17 KHSV

11 បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះ‌ជា‌ម្ចាស់ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12 អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

13 ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែន‌ដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ*»។

14 ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។

15 ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

16 ពេល​នោះ ព្រឹទ្ធា‌ចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ក៏​នាំ​គ្នា​ក្រាប​អោន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់

17 ទាំង​ពោល​ថា៖«បពិត្រ​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​ដើម​រៀង​មក​ដែរ!យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គព្រោះ​ទ្រង់​បាន​យក​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គមក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។