វិវរណៈ 11:9-15 KHSV

9 មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។

10 មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែន‌ដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែន‌ដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។

11 បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះ‌ជា‌ម្ចាស់ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12 អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

13 ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែន‌ដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ*»។

14 ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។

15 ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។