វិវរណៈ 14:10-16 KHSV

10 អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​ព្រះ‌ជា‌ម្ចាស់ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏‌វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​កូន​ចៀម។

11 ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​ឡើយ»។

12 ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។

13 ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។

14 ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

15 មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែន‌ដី​ទុំ ល្មម​ច្រូត​ហើយ»។

16 ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក បោះ​កណ្ដៀវ​មក​ផែន‌ដី ផែន‌ដី​ក៏​ច្រូត​ស្រេច​រួច​រាល់។