12 ដូច្នេះ ប្រជាជនដ៏វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងកាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្តព្យាយាម។
13 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
14 ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។
15 មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។
16 ពេលនោះ លោកដែលអង្គុយនៅលើពពក បោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។
17 មានទេវតាមួយរូបទៀតចេញពីព្រះវិហារនៅស្ថានបរមសុខ*មក លោកក៏មានកាំបិតមួយដ៏មុតដែរ។
18 ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។