3 អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។
4 អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម
5 ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។
6 ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវតានោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។
7 ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។
8 មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។
9 មានទេវតាមួយរូបទៀត ជាទេវតាទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃ