6 ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
7 ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ពិតមែនហើយ!»។
8 ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។
9 មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។
10 ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។
11 គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។
12 ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។