14 ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថា: “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះរសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។
15 ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុង ទាំងយំសោក និងកាន់ទុក្ខទៀតផង។
16 គេពោលថា “វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាស ត្បូង និងពេជ្រតុបតែងខ្លួន!
17 ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។
18 ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា “តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!”។
19 គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថា:“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។
20 ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។