7 ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថា:“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
8 ហេតុនេះ គ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។
9 ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។
10 ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្តរាយអស់”។
11 ពេលនោះ ពួកឈ្មួញនៅលើផែនដីក៏នាំគ្នាយំសោក និងកាន់ទុក្ខ ព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ
12 ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ
13 សំបកសម្បុរល្វែង សំបកខ្លឹមចន្ទន៍ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រា ប្រេង ម្សៅម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និងអ្នកជាប់ឈ្លើយ។