វិវរណៈ 19:15-21 KHSV

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះ‌អង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះ‌អង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។

16 នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះ‌អង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។

17 ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស‌វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារិក​របស់​ព្រះ‌ជា‌ម្ចាស់

18 ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។

19 ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែន‌ដី ព្រម​ទាំង​កង‌ទ័ព​របស់​គេ ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​សេះ និង​កង‌ទ័ព​របស់​ព្រះ‌អង្គ។

20 សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។

21 រីឯ​អ្នក​ឯ​ទៀតៗ​ក៏​បាន​ស្លាប់​ដោយ​ដាវ ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ ហើយ​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ក៏​បាន​ស៊ី​សាច់​ពួក​គេ​ឆ្អែត​រៀងៗ​ខ្លួន។