វិវរណៈ 2:12-18 KHSV

12 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម​ជំនុំ*​នៅ​ក្រុង​ពើកា‌ម៉ុស ដូច​ត​ទៅ​នេះ៖ព្រះ‌អង្គ​ដែល​មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

13 “យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​នឹង​យើង​ជា‌និច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទី‌ប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះ‌បង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។

14 ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់​ឲ្យ​ប្រើ​កល‌ល្បិច ទាក់‌ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ និង​ឲ្យ​ប្រាស‌ចាក​សីលធម៌។

15 រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​របៀប​នេះ​ដូច​គ្នា។

16 ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។

17 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ​មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ‌លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។

18 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: