វិវរណៈ 20:5-11 KHSV

5 រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​បាន​រស់​ឡើង​វិញ​ទេ គឺ​រហូត​ដល់​គម្រប់​មួយ​ពាន់​ឆ្នាំ​ទើប​រស់​ឡើង​វិញ។ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ

6 អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ​ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គេ​នឹង​ទៅ​ជា​បូជា‌ចារ្យ*​របស់​ព្រះ‌ជា‌ម្ចាស់ និង​របស់​ព្រះ‌គ្រិស្ដ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

7 លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក

8 ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

9 ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌ជា‌ម្ចាស់ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។

10 រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

11 បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែន‌ដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។