វិវរណៈ 21:11-17 KHSV

11 ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។

12 ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

13 នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។

14 កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។

15 ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

16 ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ពាន់​ស្ដាដ​។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។

17 ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។