1 ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។
2 នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។
3 ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ
4 គេនឹងឃើញព្រះភ័ក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។
5 នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
6 ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី* ទ្រង់បានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកប្រាប់ពួកអ្នកបម្រើព្រះអង្គដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
7 ព្រះយេស៊ូមានព្រះបន្ទូលថា: “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។