វិវរណៈ 22:13-19 KHSV

13 យើង​ជា​អាល់ផា និង​ជា​អូមេ‌កា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។

14 អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។

15 រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!

16 យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។

17 ព្រះ‌វិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះ‌អង្គ​យាង​មក!»។សូម​ឲ្យ​អស់​អ្នក​ដែល​បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះ‌អង្គ​យាង​មក!»។អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!

18 ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ ព្រះ‌ជា‌ម្ចាស់​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង

19 ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ហូត​សេចក្ដី​ណា​មួយ​ពី​ព្រះ‌បន្ទូល ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ដក​ហូត​ចំណែក​ផ្លែ​របស់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ពី​អ្នក​នោះ​ដែរ ហើយ​មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឡើយ។