វិវរណៈ 22:5-11 KHSV

5 នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ទ្រង់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

6 ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ។ ព្រះ‌ជា‌អម្ចាស់​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដល់​ពួក​ព្យាការី* ទ្រង់​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

7 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។

8 ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក

9 ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បង‌ប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ!»។

10 ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។

11 អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅ‌ហ្មង ឲ្យ​អ្នក​នោះ​បន្ត​ភាព​សៅ‌ហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​វិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​ឲ្យ​កាន់​តែ​វិសុទ្ធ​ថែម​ទៀត​ចុះ!។