8 ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះនៅទៀបជើងទេវតា ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំលោក
9 ក៏ប៉ុន្តែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយពួកព្យាការី ដែលជាបងប្អូនរបស់លោក និងជាមួយអស់អ្នកប្រតិបត្តិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ!»។
10 ទេវតាពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះឲ្យសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។
11 អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្តភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែវិសុទ្ធថែមទៀតចុះ!។
12 ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
13 យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។
14 អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។