12 អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងព្រះវិហារ*នៃព្រះរបស់យើង ហើយគេនឹងមិនចាកចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងចារឹកព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីស្ថានបរមសុខ ចុះមកពីព្រះរបស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើងលើអ្នកនោះដែរ។
13 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
14 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ព្រះអាម៉ែនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា:
15 “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង!
16 ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន
17 ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាម ក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។
18 យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។