13 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
14 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ព្រះអាម៉ែនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា:
15 “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅ។ ប្រសិនបើអ្នកពិតជាត្រជាក់ ឬពិតជាក្ដៅនោះប្រសើរជាង!
16 ដោយអ្នកនៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្ដៅក៏មិនក្ដៅដូច្នេះ យើងនឹងខ្ជាក់អ្នកចោលជាមិនខាន
17 ព្រោះអ្នកពោលថា “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ” អ្នកពុំដឹងថា ខ្លួនកំពុងតែវេទនារហេមរហាម ក្រតោកយ៉ាក ខ្វាក់ភ្នែក គ្មានសម្លៀកបំពាក់បិទបាំងកាយនោះឡើយ។
18 យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
19 យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។