4 ក៏ប៉ុន្តែ នៅក្រុងសើដេសនេះ មានអ្នកខ្លះក្នុងចំណោមអ្នកពុំបានធ្វើឲ្យសម្លៀកបំពាក់ខ្លួនប្រឡាក់ទេ គឺគេនឹងដើរជាមួយយើង ដោយមានសម្លៀកបំពាក់ពណ៌ស ព្រោះគេសមនឹងស្លៀកពាក់បែបនេះ។
5 ហេតុនេះ អ្នកណាមានជ័យជំនះ អ្នកនោះនឹងមានសម្លៀកបំពាក់ពណ៌ស យើងនឹងមិនលុបឈ្មោះគេចេញពីក្រាំងជីវិតឡើយ ហើយយើងនឹងទទួលស្គាល់ឈ្មោះអ្នកនោះ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គ។
6 ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!”»។
7 «ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា:
8 “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្តនោះហើយ មើល៍! យើងបានបើកទ្វារចំហនៅមុខអ្នកហើយ គ្មាននរណាអាចបិទបានទេ។ អ្នកមានអំណាចតិចមែន តែអ្នកបានប្រតិបត្តិតាមពាក្យយើង ហើយមិនបានបដិសេធថា មិនស្គាល់ឈ្មោះយើងផង។
9 យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ*សាតាំងមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិត គេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះមកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
10 ដោយអ្នកបានព្យាយាមប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។