វិវរណៈ 3:5-11 KHSV

5 ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជំនះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះ‌អង្គ។

6 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

7 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដព្រះ‌អង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះ‌អង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះ‌អង្គ​បិទ គ្មាន​នរណា​បើក​បាន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

8 “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។

9 យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។

10 ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែន‌ដី​ដែរ។

11 យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។