1 បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ* ហើយសំឡេងដែលខ្ញុំបានឮកាលពីមុន ដូចស្នូរត្រែបន្លឺមកកាន់ខ្ញុំថា: «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។
2 រំពេចនោះ ព្រះវិញ្ញាណបានធ្វើឲ្យខ្ញុំលង់ស្មារតី។ ខ្ញុំឃើញបល្ល័ង្កមួយនៅស្ថានបរមសុខ* ហើយមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។
3 ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។
4 នៅជុំវិញបល្ល័ង្ក មានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ*ម្ភៃបួនរូបអង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។