វិវរណៈ 5:1-5 KHSV

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ‌ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

2 បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។

3 ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្ដី នៅ​លើ​ផែន‌ដី ឬ​នៅ​ក្រោម​ដី​ក្ដី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ឡើយ។

4 ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ទេ។

5 ស្រាប់​តែ​មាន​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សិង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះ‌អង្គ​មាន​ជ័យ‌ជំនះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ‌ពីរ ហើយ​បើក​ក្រាំង​បាន»។