3 ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។
4 ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះបានទេ។
5 ស្រាប់តែមានព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សិង្ហដែលកើតនៅក្នុងកុលសម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះអង្គមានជ័យជំនះអាចនឹងបកត្រាទាំងប្រាំពីរ ហើយបើកក្រាំងបាន»។
6 បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា*រួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់ឲ្យយាងទៅពាសពេញលើផែនដី។
7 កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក។
8 កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាសពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន*របស់ប្រជាជនដ៏វិសុទ្ធ*។
9 គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា:“ព្រះអង្គសមនឹងទទួលក្រាំងហើយបកត្រាផងព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជាព្រះអង្គបានលោះមនុស្សពីគ្រប់ពូជគ្រប់ភាសាគ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍យកមកថ្វាយព្រះជាម្ចាស់ដោយសារព្រះលោហិតរបស់ព្រះអង្គ។