7 ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថា: «សូមអញ្ជើញមក!»។
8 ខ្ញុំមើលទៅឃើញសេះមួយសម្បុរត្រួយចេក អ្នកជិះសេះនោះ ឈ្មោះមច្ចុរាជ ហើយស្ថានមច្ចុរាជក៏មកជាមួយគាត់ដែរ។ មច្ចុរាជ និងស្ថានមច្ចុរាជ បានទទួលអំណាចលើមួយភាគបួននៃផែនដី ហើយយកដាវ ទុរ្ភិក្ស ជំងឺអាសន្នរោគ និងសត្វសាហាវនៅលើផែនដី ឲ្យមកប្រល័យជីវិតមនុស្សលោក។
9 ពេលកូនចៀមបកត្រាទីប្រាំនៅក្រោមអាសនៈ ខ្ញុំឃើញវិញ្ញាណក្ខ័ន្ធអស់អ្នកដែលគេបានប្រហារជីវិត ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែអ្នកទាំងនោះបានផ្ដល់សក្ខីភាព។
10 អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
11 អ្នកទាំងនោះបានទទួលអាវសវែងម្នាក់មួយៗ ហើយឮសំឡេងប្រាប់ថា ឲ្យនៅរង់ចាំមួយភ្លែតទៀតសិន ទំរាំដល់មិត្តរួមការងារ និងបងប្អូនរួមជំនឿឯទៀតៗត្រូវគេសម្លាប់ដូចគ្នា គ្រប់ចំនួន។
12 ពេលកូនចៀមបកត្រាទីប្រាំមួយ ខ្ញុំមើលទៅឃើញផែនដីរញ្ជួយយ៉ាងខ្លាំង ព្រះអាទិត្យបែរជាងងឹតដូចក្រណាត់ខ្មៅ ហើយព្រះច័ន្ទទាំងមូលបែរទៅជាក្រហមដូចឈាម
13 រីឯផ្កាយនៅលើមេឃក៏ធ្លាក់ចុះមកដី ដូចផ្លែល្វាខ្ចីជ្រុះ នៅពេលខ្យល់បក់បោកដើមវាយ៉ាងខ្លាំង។