វិវរណៈ 6:8-14 KHSV

8 ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយ‌ចេក អ្នក​ជិះ​សេះ​នោះ ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​​ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែន‌ដី ហើយ​យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្ន‌រោគ និង​សត្វ​សាហាវ​នៅ​លើ​ផែន‌ដី ឲ្យ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។

9 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​នៅ​ក្រោម​អាសនៈ ខ្ញុំ​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​អស់​អ្នក​ដែល​គេ​បាន​ប្រហារ​ជីវិត ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព។

10 អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏‌វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះ‌អង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែន‌ដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។

11 អ្នក​ទាំង​នោះ​បាន​ទទួល​អាវ​ស​វែង​ម្នាក់​មួយៗ ហើយ​ឮ​សំឡេង​ប្រាប់​ថា ឲ្យ​នៅ​រង់‌ចាំ​មួយ‌ភ្លែត​ទៀត​សិន ទំរាំ​ដល់​មិត្ត​រួម​ការ‌ងារ និង​បង‌ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​ត្រូវ​គេ​សម្លាប់​ដូច​គ្នា គ្រប់​ចំនួន។

12 ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​មួយ ខ្ញុំ​មើល​ទៅ​ឃើញ​ផែន‌ដី​រញ្ជួយ​យ៉ាង​ខ្លាំង ព្រះ‌អាទិត្យ​បែរ​ជា​ងងឹត​ដូច​ក្រណាត់​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ទាំង​មូល​បែរ​ទៅ​ជា​ក្រហម​ដូច​ឈាម

13 រីឯ​ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​ចុះ​មក​ដី ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។

14 ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​របើក​ចេញ​ពី​កន្លែង​របស់​វា​ដែរ។