វិវរណៈ 7:8-14 KHSV

8 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​សាប់យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សម្គាល់។

9 ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។

10 គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះ‌នៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។

11 ពេល​នោះ ទេវតា​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ និង​ជុំ‌វិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​អោន​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់

12 ហើយ​ពោល​ថា៖ «អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ប្រាជ្ញា‌ញាណ សូម​អរ​ព្រះ‌គុណ សូម​លើក​តម្កើង​ព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និង​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​នៃ​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។

13 ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។

14 ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។