9 ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។
10 គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។
11 ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់
12 ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងឥទ្ធិឫទ្ធិរបស់ព្រះនៃយើង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។
13 ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។
14 ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។
15 ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងព្រះពន្លា*របស់ព្រះអង្គ។