ដានីយ៉ែល 1:12-18 KHOV

12 សូម​ល្បង​ល​យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក​បាន​១០​ថ្ងៃ​មើល សូម​ឲ្យ​គេ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទទួល​ទាន​តែ​បន្លែ ហើយ​ផឹក​ទឹក​ប៉ុណ្ណោះ​ចុះ

13 រួច​សូម​លោក​មើល​មុខ​យើង​ខ្ញុំ ផ្ទឹម​នឹង​មុខ​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច ក៏​សូម​លោក​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​ឃើញ​ចុះ។

14 ដូច្នេះ លោក​ក៏​ស្តាប់​តាម​គេ​ក្នុង​ដំណើរ​នោះ ក៏​ល្បង​ល​គេ​មើល​អស់​១០​ថ្ងៃ

15 លុះ​ដល់​ផុត​១០​ថ្ងៃ​ទៅ​នោះ​មុខ​គេ​បាន​ស្រស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត

16 ដូច្នេះ​អ្នក​ដំរួត​ក៏​ដក​យក​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​សំរាប់​ឲ្យ​គេ​ផឹក​ចេញ​ទៅ ហើយ​បាន​ឲ្យ​តែ​បន្លែ​ដល់​គេ​វិញ។

17 រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ​នឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង និង​ការ​យល់‌សប្តិ​ផង

18 លុះ​ដល់​កំណត់​ពេល ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​នាំ​គេ​ចូល​មក នោះ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ ក៏​នាំ​គេ​ចូល​ទៅ​គាល់​នេប៊ូ‌ក្នេសា