13 រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។
14 ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
15 លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត
16 ដូច្នេះអ្នកដំរួតក៏ដកយកអាហារ និងស្រាទំពាំងបាយជូរដែលសំរាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។
17 រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង និងការយល់សប្តិផង
18 លុះដល់កំណត់ពេល ដែលស្តេចបានបង្គាប់ឲ្យនាំគេចូលមក នោះចៅហ្វាយលើពួកកំរៀវ ក៏នាំគេចូលទៅគាល់នេប៊ូក្នេសា
19 ស្តេចទ្រង់ក៏មានព្រះបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ