ដានីយ៉ែល 1:4-10 KHOV

4 គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ

5 ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច

6 រីឯ​ក្នុង​ពួក​អ្នក​ទាំង​ប៉ុន្មាន​នោះ មាន​ពួក​យូដា​ខ្លះ គឺ​មាន​ដានី‌យ៉ែល​១ ហាណានា​១ មីសា‌អែល​១ និង​អ័សារា​១

7 ឯ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ លោក​ឲ្យ​មាន​ឈ្មោះ​ផ្សេង​វិញ គឺ​លោក​ឲ្យ​ដានី‌យ៉ែល​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឲ្យ​ហាណានា​មាន​ឈ្មោះ​ថា សាដ្រាក់ ឲ្យ​មីសា‌អែល​មាន​ឈ្មោះ​ថា មែសាក់ ហើយ​ក៏​ឲ្យ​អ័សារា​មាន​ឈ្មោះ​ថា អ័បេឌ-នេកោ។

8 ប៉ុន្តែ​ដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ

9 ព្រះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់​ចៅ‌ហ្វាយ​នោះ

10 ឯ​ចៅ‌ហ្វាយ​លើ​ពួក​កំរៀវ​នោះ ក៏​និយាយ​នឹង​ដានី‌យ៉ែល​ថា យើង​ខ្លាច​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ដំរូវ​អាហារ និង​គ្រឿង​ផឹក​ដល់​អ្នក​ណាស់ ចង់​ឲ្យ​ទ្រង់​ទត​ឃើញ​មុខ​អ្នក​រាល់​គ្នា​បាន​អាក្រក់​ជាង​ពួក​កំឡោះៗ​ស្រករ​នឹង​ឯង​ធ្វើ​អី យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​យើង​ប្រថុយ​ក្បាល​ចំពោះ​ស្តេច​ហើយ