5 នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស
6 រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃ និងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ
7 គឺខ្ញុំ ដានីយ៉ែលតែឯងដែលឃើញការជាក់ស្តែងនោះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេ តែគេកើតមានសេចក្ដីភ័យញ័រជាខ្លាំង ហើយក៏រត់ទៅពួនខ្លួន
8 ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំងហើយខ្ញុំឥតមានកំឡាំងនៅសល់ឡើយ
9 ប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។
10 នោះមានដៃ១ពាល់ខ្ញុំ ឲ្យខ្ញុំញ័រងើបឡើង ដោយជង្គង់ និងបាតដៃ
11 រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យ ដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ