14 នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ
15 យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង និងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ
16 គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង
17 ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ
18 ក្រោយនោះមកទ្រង់នឹងបែរព្រះភក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនឹងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទំលាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ
19 នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។
20 បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ