ដានីយ៉ែល 11:15-21 KHOV

15 យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង និង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ

16 គឺ​ស្តេច​ដែល​លុក​ចូល​មក​ច្បាំង​នោះ នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ឥត​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ទ្រង់​បាន​ឡើយ ទ្រង់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ឧត្តម ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្តាប់​ដៃ​ផង

17 ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កំឡាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សំរេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សំរេច​តាម​បំណង​បិតា​ឡើយ

18 ក្រោយ​នោះ​មក​ទ្រង់​នឹង​បែរ​ព្រះ‌ភក្ត្រ​ទៅ​ខាង​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន ហើយ​នឹង​ចាប់​យក​បាន​ជា​ច្រើន​ដែរ តែ​នឹង​មាន​ទ័ព​១​កំចាត់​សេចក្ដី​អាម៉ាស់​ខ្មាស ចំពោះ​ស្តេច​នោះ​ចេញ អើ មួយ​ទៀត នឹង​ទំលាក់​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ទៅ​លើ​ទ្រង់​វិញ

19 នោះ​ទ្រង់​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន តែ​ទ្រង់​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។

20 បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ

21 រួច​នឹង​មាន​ម្នាក់​ដែល​គួរ​ស្អប់​ខ្ពើម​តាំង​ខ្លួន​ឡើង​ជំនួស​ទ្រង់ ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ដល់​អ្នក​នោះ​ឡើយ គឺ​នឹង​ចូល​មក ក្នុង​គ្រា​សុខ‌សាន្ត ជែង​យក​រាជ្យ​ដោយ​សេចក្ដី​បញ្ចើច​វិញ