ដានីយ៉ែល 11:20-26 KHOV

20 បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ

21 រួច​នឹង​មាន​ម្នាក់​ដែល​គួរ​ស្អប់​ខ្ពើម​តាំង​ខ្លួន​ឡើង​ជំនួស​ទ្រង់ ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ដល់​អ្នក​នោះ​ឡើយ គឺ​នឹង​ចូល​មក ក្នុង​គ្រា​សុខ‌សាន្ត ជែង​យក​រាជ្យ​ដោយ​សេចក្ដី​បញ្ចើច​វិញ

22 ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​នឹង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង

23 ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​នឹង​មាន​កំឡាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ

24 គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​អយ្យកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប និង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កំចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល

25 វា​នឹង​ដាស់​កំឡាំង និង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់

26 អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ