ដានីយ៉ែល 11:23-29 KHOV

23 ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​នឹង​មាន​កំឡាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ

24 គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​អយ្យកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប និង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កំចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល

25 វា​នឹង​ដាស់​កំឡាំង និង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់

26 អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ

27 ឯ​ស្តេច​ទាំង​២​អង្គ​នេះ គេ​នឹង​មាន​ចិត្ត​រិះ‌រក​ធ្វើ​តែ​ការ​កំណាច​ទទេ គេ​នឹង​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ផង តែ​ការ​នោះ​នឹង​មិន​ចំរើន​ដល់​គេ​ឡើយ ដ្បិត​វេលា​ចុង​បំផុត​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

28 គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ

29 លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ និង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ