ដានីយ៉ែល 11:25-31 KHOV

25 វា​នឹង​ដាស់​កំឡាំង និង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់

26 អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ

27 ឯ​ស្តេច​ទាំង​២​អង្គ​នេះ គេ​នឹង​មាន​ចិត្ត​រិះ‌រក​ធ្វើ​តែ​ការ​កំណាច​ទទេ គេ​នឹង​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ផង តែ​ការ​នោះ​នឹង​មិន​ចំរើន​ដល់​គេ​ឡើយ ដ្បិត​វេលា​ចុង​បំផុត​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

28 គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ

29 លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ និង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ

30 ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម និង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ

31 គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង