31 គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
32 ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ
33 ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែគេនឹងត្រូវដួលដោយដាវ និងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង
34 រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច
35 ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសំអាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។
36 ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសំរេច ដ្បិតការដែលបានសំរេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ
37 វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកអយ្យកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់