ដានីយ៉ែល 11:32-38 KHOV

32 ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា នោះ​វា​នឹង​នាំ​បង្ខូច​ចិត្ត​គេ ដោយ​ពាក្យ​បញ្ចើច តែ​ចំណែក​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្គាល់​ព្រះ​នៃ​ខ្លួន គេ​នឹង​មាន​ចិត្ត​រឹង​ប៉ឹង ហើយ​នឹង​ប្រតិ‌បត្តិ​ត​ទៅ

33 ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​បណ្តា‌ជន គេ​នឹង​បង្រៀន​មនុស្ស​ជា​ច្រើន ប៉ុន្តែ​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ព្រម​ទាំង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​ជាន់​ជា​យូរ​ថ្ងៃ​ផង

34 រីឯ​កាល​ណា​គេ​ត្រូវ​ដួល នោះ​គេ​នឹង​មាន​សេចក្ដី​ជំនួយ​បន្តិច​ដែរ ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​ខាង​គេ ដោយ​ចិត្ត​ក្រឡេច‌ក្រឡុច

35 ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សំអាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

36 ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ក៏​នឹង​ដំកើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ វា​នឹង​ពោល​យ៉ាង​អស្ចារ្យ ទាស់​នឹង​ព្រះ​នៃ​អស់​ទាំង​ព្រះ វា​នឹង​ចេះ​តែ​ចំរើន​ដរាប​ដល់​សេចក្ដី​គ្នាន់‌ក្នាញ់​បាន​សំរេច ដ្បិត​ការ​ដែល​បាន​សំរេច​នឹង​ធ្វើ​ហើយ នោះ​ត្រូវ​ធ្វើ​ទៅ

37 វា​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​វា ឬ​ចំពោះ​បំណង​ចិត្ត​របស់​ពួក​ស្រីៗ​ទេ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ណា​ផង ដ្បិត​វា​នឹង​ដំកើង​ខ្លួន​ជា​ធំ​លើស​ជាង​ទាំង​អស់

38 ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​អយ្យកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ និង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស