ដានីយ៉ែល 11:9-15 KHOV

9 ឯ​ស្តេច​ខាង​ជើង នោះ​នឹង​ទន្ទ្រាន​ចូល​ក្នុង​ព្រំ‌ដែន​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

10 រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ

11 គ្រា​នោះ ស្តេច​ខាង​ត្បូង​នឹង​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ឆុរ‌ឆេវ​ឡើង ចេញ​ទៅ​ត‌យុទ្ធ​នឹង​ស្តេច​ខាង​ជើង គឺ​នឹង​ដំរៀប​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ពល​ទ័ព​របស់​គេ នឹង​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ខាង​ត្បូង

12 កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ នោះ​ទ្រង់​នឹង​មាន​ព្រះ‌ទ័យ​ប៉ោង​ឡើង រួច​ទ្រង់​នឹង​សំឡាប់​ពួក​គេ​ទាំង​ម៉ឺនៗ តែ​ត​ទៅ​នឹង​ឈ្នះ​មិន​បាន​ទេ

13 ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ នាំ​ទាំង​ពល​ទ័ព​យ៉ាង​សន្ធឹក​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​ក្រោយ​បន្តិច​ទៅ គឺ​ក្រោយ​ប្រមាណ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ទ្រង់​នឹង​នាំ​ពល​ទ័ព​យ៉ាង​ធំ និង​គ្រឿង​ចំបាំង​យ៉ាង​សន្ធឹក​មក

14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​តាំង​ខ្លួន​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ឯ​ក្នុង​សាសន៍​របស់​អ្នក ក៏​នឹង​មាន​ពួក​មនុស្ស​ច្រឡោត​ខ្លះ​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​នឹង​សំរេច​ការ​ជាក់​ស្តែង​នេះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ​ទេ

15 យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង និង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ