6 ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
7 ខ្ញុំក៏ឮមនុស្សដែលស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេនោះ ក្នុងកាលដែលលោកបានលើកដៃទាំងស្តាំទាំងឆ្វេងទៅឯលើ ស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា ការនេះនឹងមាននៅអស់១ខួប ២ខួប ហើយកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកកំទេចអំណាចរបស់ជនជាតិបរិសុទ្ធរួចជាស្រេច នោះការទាំងនេះនឹងបានសំរេចដែរ
8 ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ
9 តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត
10 មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ
11 រីឯពេល ចាប់តាំងពីការថ្វាយដង្វាយជានិច្ច ត្រូវបញ្ឈប់បំបាត់ទៅ ហើយរបស់គួរស្អប់ខ្ពើម ដែលនាំឲ្យបង្ខូចបំផ្លាញបានតាំងឡើង នោះត្រូវមាន១២៩០ថ្ងៃ
12 មានពរហើយ អ្នកណាដែលរង់ចាំ ទំរាំដល់គ្រា១៣៣៥ថ្ងៃ