ដានីយ៉ែល 2:10-16 KHOV

10 តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា​ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ

11 ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ

12 ហេតុ​ដូច្នេះ ស្តេច​ទ្រង់​ក៏​ខ្ញាល់ ហើយ​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃលែង ក៏​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន​ទៅ

13 យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សំឡាប់​ដែរ។

14 គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ី‌ឡូន

15 លោក​សួរ​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជ‌ឱង្ការ​នៃ​ស្តេច​ប្រថំ​អី​ម៉្លេះ នោះ​អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល

16 រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។