2 រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច
3 រួចស្តេចទ្រង់មានព្រះបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ
4 ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានព្រះបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
5 តែស្តេច ទ្រង់មានព្រះបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក
6 តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន និងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ
7 គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានព្រះបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
8 ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ