ដានីយ៉ែល 2:25-31 KHOV

25 ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូល‌បង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន

26 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ

27 នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ

28 តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ និង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ

29 ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់

30 តែ​ចំណែក​ទូល‌បង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។

31 បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច