ដានីយ៉ែល 2:30-36 KHOV

30 តែ​ចំណែក​ទូល‌បង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។

31 បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច

32 ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ជា​ប្រាក់ ពោះ និង​ភ្លៅ​ជា​លង្ហិន

33 ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ

34 ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ

35 រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។

36 សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប