ដានីយ៉ែល 2:39-45 KHOV

39 ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល

40 ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង

41 ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ

42 ហើយ​ដែល​ម្រាម​ជើង​ជា​ដែក និង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ

43 ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ

44 រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច

45 គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។