ដានីយ៉ែល 2:4-10 KHOV

4 ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប

5 តែ​ស្តេច ទ្រង់​មាន​ព្រះ‌បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក

6 តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន និង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ

7 គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប

8 ស្តេច​ទ្រង់​តប​ឡើង​ថា យើង​បាន​ដឹង​ពិត​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ចង់​បាន​ពេល​វេលា ដោយ​ឃើញ​ថា យើង​បាន​ភ្លេច​សេចក្ដី​ទៅ​ហើយ

9 បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សំរាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សំរាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន

10 តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា​ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ