ដានីយ៉ែល 2:45-49 KHOV

45 គឺ​ដូច​ជា​ទ្រង់​បាន​ឃើញ​ថ្ម​នោះ ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់​នឹង​មាស​នោះ​ហើយ គឺ​ព្រះ​ដ៏​ជា​ធំ ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​នៅ​ខាង​មុខ សុបិន​នេះ​ជា​ប្រាកដ​ហើយ ឯ​សេចក្ដី​សំរាយ​ក៏​ជា​ពិត​ដែរ។

46 ដូច្នេះ ស្តេច​នេប៊ូ‌ក្នេសា ទ្រង់​ក្រាប​ផ្កាប់​ព្រះ‌ភក្ត្រ​ថ្វាយ‌បង្គំ​ដល់​ដានី‌យ៉ែល ក៏​បង្គាប់​ឲ្យ​គេ​យក​គ្រឿង​បូជា និង​គ្រឿង​ក្រអូប​មក​គោរព​ដល់​លោក

47 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន

48 នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ី‌ឡូន​ផង

49 ឯ​ដានី‌យ៉ែល លោក​សូម​ដល់​ស្តេច ហើយ​ទ្រង់​ក៏​តាំង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ឡើង​ជា​អ្នក​ត្រួត​លើ​ក្រសួង​ការ​ទាំង​ពួង នៅ​ខេត្ត​បាប៊ី‌ឡូន​តែ​ដានី‌យ៉ែល​លោក​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​វិញ។