ដានីយ៉ែល 4:14-20 KHOV

14 ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ

15 ប៉ុន្តែ​ត្រូវ​ឲ្យ​ទុក​គល់ និង​ឫស​នៅ​ជាប់​ក្នុង​ដី​ចុះ មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ស្មៅ​នៃ​ផែនដី ជា​មួយ​នឹង​អស់​ទាំង​សត្វ​ផង

16 ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប

17 ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង

18 យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។

19 លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ

20 ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី