ដានីយ៉ែល 4:21-27 KHOV

21 ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន​ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

22 បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ

23 ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប និង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក ជា​មួយ​នឹង​អស់​ទាំង​សត្វ នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ

24 បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ

25 គឺ​ថា​ទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ

26 ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅ​សំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង

27 ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូល‌បង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។