ដានីយ៉ែល 4:24-30 KHOV

24 បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ

25 គឺ​ថា​ទ្រង់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំនៅ​ជា​មួយ​នឹង​អស់​ទាំង​សត្វ​នៅ​ផែនដី ឲ្យ​ទ្រង់​បាន​សោយ​ស្មៅ​ដូច​ជា​គោ ទ្រង់​នឹង​ត្រូវ​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​អស់​៧​ខួប ទាល់​តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ

26 ឯ​ដំណើរ​ដែល​គេ​បាន​បង្គាប់​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ​ឲ្យ​នៅ នោះ​គឺ​ថា រាជ្យ​ទ្រង់​នឹង​បាន​ទុក​នៅ​សំរាប់​កាល​ណា​ទ្រង់​បាន​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង

27 ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូល‌បង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។

28 ការ​ទាំង​នោះ​ក៏​កើត​ដល់​ស្តេច​នេប៊ូ‌ក្នេសា

29 លុះ​កន្លង​បាន​១២​ខែ​ហើយ នោះ​ទ្រង់​កំពុង​យាង​ក្នុង​ព្រះ‌រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន

30 ខណៈ​នោះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ